Wednesday, July 25, 2012

នៅអគ្គបញ្ជាការដ្ឋាន ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១២

 មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។ បន្ទាប់ពីបានក្តាប់នូវរបាយការណ៍បូកសរុបរបស់នាយកទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋានរួច មក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ថា៖ ដោយបានការយកចិត្តទុកដាក់ខ្ពស់ ឧបត្ថម្ភទាំងស្មារតី និងសម្ភារៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកងយោធពលខេមរភូមិន្ទមានការអភិវឌ្ឍលើគ្រប់វិស័យ។បានចូលរួមរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសធានាសន្តិសុខ សុវត្ថិភាពបានល្អក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ឃុំ-សង្កាត់។ បានយកចិត្តទុក្ខដាក់ពង្រឹងប្រព័ន្ធលេណដ្ឋានគ្រប់ប្រភេទ ចេញល្បាត ត្រួតពិនិត្យភូមិសាស្ត្រ ការហ្វឹកហ្វឺនបណ្តុះបណ្តាលលើគ្រប់ជំនាញ ខិតខំជួសជុលថែទាំអាវុធគ្រប់ប្រភេទ និងមធ្យោបាយប្រយុទ្ធ ការកសាងជំរុំជំរកជាបន្តបន្ទាប់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់បន្ថែមថា ៖ អង្គភាពនីមួយៗ ត្រូវពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាឱ្យបានល្អ ក្នុងនោះត្រូវរៀបចំធ្វើលំហាត់តាមប្រព័ន្ធ ព័ត៌មានវិទ្យាប្រសិនបើមានលទ្ធភាព ហើយមេបញ្ជាការត្រូវចេះប្រើប្រាស់កុំព្យួទ័រ ជាពិសេសកិច្ចការសេនាធិការ ដូចជាកាំភ្លើងធំ រថក្រោះ ការពារអាកាស និងបញ្ជូនសារ ជាដើម។ ក្រៅពីនេះ បណ្តាកងឯកភាពត្រូវខិតខំរៀនសូត្រភាសាអង់គ្លេស ដើម្បីជាទុនក្នុងការចូលរួមប្រជុំនានាក្នុងសហគមន៍តំបន់ និងពិភពលោក។ ត្រូវខិតខំជំរុញការរៀបចំនាយទាហានវ័យក្មេងសម្រាប់បន្តវេន ជាពិសេស ទ័ពជំនាញត្រូវរៀបចំធនធានមនុស្សឱ្យបានល្អ។ បណ្តាកងឯកភាពដែលជាប់ព្រំដែនថៃ ត្រូវចូលរួមសហការទប់ស្កាត់ពលករខ្មែរឆ្លងដែនចូលក្នុងទឹកដីថៃ។ បញ្ជាការដ្ឋានកងទ័ពជើងគោក សហការជាមួយកងពលតូចលេខ១១ ដោះស្រាយផលបះពាល់លើបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនយោបាយចាស់សកម្មភាពថ្មីលើបញ្ហាដីធ្លី របស់រាជរដ្ឋាភិបាលកម្ពុជា។ គ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់ជួយសហការជាមួយក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្តបទដោយ​: ក្រុមជំនួយការអគ្គមេបញ្ជាការ-- ថៃ្ងទី 2012-07-10 14:05:56

No comments:

Post a Comment