Tuesday, November 26, 2013

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​កែ​ទម្រង់​ប្រព័ន្ធ​បៀវត្សរ៍ តែ​មន្ត្រី​រាជការ​មិន​ទាន់​បាន​ដឹង​

ប្រភពៈhttp://www.khmer.rfi.fr/minister-salary-change
ដោយ សួង សុភារី
កាល​ពី​ថ្ងៃទី ១៣វិច្ឆិកា​ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​មួយស្តី​ពី​ការ​បង្កើត​ក្រុម​ការងារ​កែ​ទម្រង់​ ប្រព័ន្ធ​បៀវត្សរ៍។ ​សេចក្តី​សម្រេច​នោះ​បាន​បញ្ជាក់​ថា នឹង​មាន​ការ​ពិភាក្សា​ច្បាស់​លាស់​មួយជុំវិញ​បញ្ហា​បៀវត្សរ៍​របស់​មន្ត្រី​ រាជការកម្ពុជាដើម្បីអនុវត្តចន្លោះពី​ឆ្នាំ ២០១៤ដល់ឆ្នាំ ២០១៨។ ប៉ុន្តែ សេចក្តី​សម្រេច​នេះ ពុំ​បាន​ជ្រួលជ្រាប​ជា​ដំណឹង​ដល់​មន្ត្រី​រាជការ​នៅ​ឡើយ​ទេ។
 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៣នេះ ដោយ​បង្កើត​ក្រុមការងារ​កែទម្រង់​ប្រព័ន្ធ​បៀវត្សរ៍​មន្ត្រីរាជការ។ នៅក្នុង​សេចក្តីសម្រេច​ ដែល​ចែក​ចេញ​ជា ៧​ប្រការ​នោះ រដ្ឋាភិបាល​បានស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​មានដូចជា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ ក្រសួង​សេដ្ឋកិច្ច ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្រសួង​សង្គមកិច្ច ត្រូវ​ចាត់តាំង​សមាសភាព​តំណាង​ក្រសួង​ដើម្បី​ចូលរួម​ក្នុង​ក្រុមការងារ​ កែទម្រង់​ប្រព័ន្ធ​បៀវត្សរ៍​យ៉ាងយូរ ១៥ថ្ងៃ ក្រោយ​ទទួលបាន​សេចក្តីសម្រេច​នេះ។

សេចក្តីសម្រេច​នោះបាន​បញ្ជាក់ទៀតថា នឹងមាន​សិក្សា​ពី​ប្រព័ន្ធ​បៀវត្សរ៍​របស់​រាជរដ្ឋាភិបាល លើ​កញ្ចប់​ថវិកា​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ យោធា នគរបាលជាតិ និវត្តជន និង​ជន​បាត់បង់​សម្បទារ​វិជ្ជាជីវៈ។ ការពិភាក្សា​អំពី​បញ្ហា​បៀវត្សរ៍​នេះ គឺ​សម្រាប់​ដាក់​ឲ្យ​អនុវត្ត ពី​ឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០១។

ប៉ុន្តែ សេចក្តីសម្រេច​នេះ ហាក់​ពុំទាន់​មានការ​សាយភាយ​បាន​ទូលំទូលាយ​នៅឡើយ​ទេ។ ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ លោក កៅ ពឿ​ន បាន​ប្រាប់​វិទ្យុ​បារាំង​ថា លោក​ពុំ​បានដឹង​ពី​រឿងនេះ​ទេ។ ទោះជា​យ៉ាងណា ក៏​សមាគម​មន្ត្រីរាជការ​ចង់​ឲ្យ​ប្រព័ន្ធ​កែទម្រង់​បៀវត្សរ៍​នេះ ពិនិត្យឡើងវិញ​លើ​ឈ្មោះ​មន្ត្រីរាជការ​ភាគច្រើន ដែល​មិនបាន​ធ្វើការ ប៉ុន្តែ​នៅតែមាន​ឈ្មោះ​នៅក្នុង​ក្រសួង​ការងារ។

លោក កៅ ពឿ​ន អះអាងថា ប្រសិនបើ​អាច​លុបឈ្មោះ​មន្ត្រីរាជការ​ទាំងនេះ​បាន គេ​អាច​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​បាន។ បើតាម​លោក កៅ ពឿ​ន មន្ត្រីរាជការ​ថ្នាក់ទាប និង​ថ្នាក់​មធ្យម គួរ​ទទួលបាន​ប្រាក់បៀវត្ស ចន្លោះ​ពី ២០០ដុល្លា ទៅ ៥០០ដុល្លា។ ហើយ​ប្រសិនបើ​ពួកគាត់ អាច​ទទួលបាន​ប្រាក់ខែ​ត្រឹមនេះ នោះ​អំពើពុករលួយ ក្នុង​ប្រព័ន្ធ​រដ្ឋបាល ប្រាកដជា​អាច​កាត់បន្ថយ​បាន​យ៉ាង​ឆាប់រហ័ស ព្រោះថា​មន្ត្រីរាជការ​សព្វថ្ងៃ យកលុយ​ក្រោម​តុ ពី​ប្រជាជន ក៏​ដោយសារតែ​ពួកគេ​មាន​ប្រាក់បៀវត្សរ៍​មិន​គ្រប់គ្រាន់។

សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​មន្ត្រីរាជការ​ស៊ីវិល ប្រមាណ​ជា ១៨ម៉ឺន​នាក់ ហើយ​មន្ត្រីរាជការ​ទាំង​នេះ ទទួលបាន​ប្រាក់ខែ​គោល ចន្លោះ​ពី ៨០ដុល្លា ដល់ ១៥០ដុល្លា ក្នុង​មួយខែ។ នេះ​បើ​យោងតាម​សមាគម​មន្ត្រីរាជការ​ឯករាជ្យ៕

No comments:

Post a Comment